មហាវិទ្យាល័យ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តោតការយកចិត្តទុកដាក់លើកម្មវិធីបណ្តុះបណ្តាលផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ស្របតាមគោលនយោបាយអប់រំ STEM របស់ក្រសួងអប់រំ យុវជន និងកីឡា។ គោលនយោបាយនេះមានគោលបំណងគាំទ្រផែនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន មហាវិទ្យាល័យបានបង្កើតកម្មវិធីសិក្សា គីមីចំណីអាហារ (Food Chemistry) ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតដែលមានបំណងសិក្សាអំពីសុវត្ថិភាពចំណីអាហារ។ ជាមួយគ្នានេះដែរ មហាវិទ្យាល័យក៏ផ្តល់កម្មវិធីបណ្តុះបណ្តាលផ្នែក វិស្វកម្មសំណង់ស៊ីវិល (Civil Engineering) ទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត។ ផ្នែកស្រាវជ្រាវ មហាវិទ្យាល័យបានអនុវត្តគម្រោងស្រាវជ្រាវរួមជាមួយសាកលវិទ្យាល័យ និងស្ថាប័នល្បីៗជាច្រើន រួមមាន៖ សាកលវិទ្យាល័យ Ottawa (កាណាដា), សាកលវិទ្យាល័យ Columbia (សហរដ្ឋអាមេរិក), IERI-GIST (សាធារណរដ្ឋកូរ៉េ), សាកលវិទ្យាល័យ Southern University of Science and Technology – SUSTech (ប្រទេសចិន) និង សមាគមគីមីកម្ពុជា។ ជារៀងរាល់ឆ្នាំ សមាជិកមហាវិទ្យាល័យបានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំ ២០២២ មន្ទីរពិសោធន៍របស់មហាវិទ្យាល័យបានលើកកម្ពស់ការអប់រំ STEM ដល់សិស្សវិទ្យាល័យចំនួន ៤៧៩ នាក់ មកពីវិទ្យាល័យចំនួន ៦ នៅខេត្តព្រៃវែង តាកែវ កំពត កំពង់ស្ពឺ និងកណ្តាល តាមរយៈកម្មវិធី School Science Camp។ ទន្ទឹមនឹងនេះ មន្ទីរពិសោធន៍ក៏បានទទួលស្វាគមន៍អ្នកទស្សនាចំនួន ១៦៧ នាក់ រួមមានសិស្សវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និស្សិត និងសាស្ត្រាចារ្យ តាមរយៈកម្មវិធី Lab Science Camp និង Lab Tour។ លើសពីនេះ មន្ទីរពិសោធន៍ គីមីចំណីអាហារ បានទទួលនិស្សិតហាត់ការពីមហាវិទ្យាល័យនានា ដូចជា មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងនិស្សិតហាត់ការមកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្តេជ្ញាបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ និងវិស្វករដែលមានសមត្ថភាព ដើម្បីចូលរួមកសាង និងអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមសិក្សាជាមួយមហាវិទ្យាល័យរបស់យើង។
ជំនាញបវិញ្នាបត្ររង
ជំនាញបវិញ្នាបត្រ
បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានថ្មី និង សេចក្តីប្រកាស